​​​ផ្អក​មើម​ដំឡូងឈើ និង​ស្លឹក​ជា​ចំណី​ដ៏​ល្អ​សម្រាប់​ជ្រូក មាន់ ទា

ដោយ​យល់ឃើញថា ចំណី​ដែល​ផលិត​ចេញពី​រោងចក្រ​មាន​តម្លៃ​ថ្លៃ មិន​អាច​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​អាច​រក​ចំណេញ​បាន ជាពិសេស​គឺ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា ប្រទេស​កម្ពុជា​យើង​ជាដើម ។​

Tapioca_Leaf_cen

​​ការកែច្នៃ​យក​ដំឡូងឈើ​មក​ផ្អាប់​ជាមួយ​ស្ករ​ទុក​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​ជ្រូក ត្រូវបាន​ប្រទេស​មួយចំនួន​កំពុង​យក​ទៅ​អនុវត្តន៍ ដោយ​ទទួលបាន​ជោគជ័យ​ដ៏​មិន​គួរឲ្យ​ជឿ ។​

​​ជាធម្មតា​នៅក្នុង​មើម​ដំឡូងឈើ មាន​ផ្ទុក​ដោយ​សារធាតុពុល​បន្តិចបន្តួច​នៅ​ក្នុង​នោះ បើសិន​យើង​មិន​បន្សាប​វា​សិន​ទេ វា​អាច​បណ្តាលឲ្យមាន​បញ្ហា​ចំពោះស​ត្វ​ចិញ្ចឹម​របស់​យើង​បាន ។​

​​ជាច្រើន​ឆ្នាំ​មកនេះ​គេ​បាន​សិក្សា​ទៅលើ​វិធីសាស្ត្រ​មួយចំនួន ដែល​អាច ៖

​​- បន្សាប​សារធាតុពុល​ចេញពី​ដំឡូង​

​​- បង្កើន​គុនភាព​សារធាតុចិញ្ចឹម​របស់ដំឡូង​

​​- រក្សាទុក​ដំឡូង​បាន​រហូត​ច្រើន​ខែ​

​​- កាត់បន្ថយ​ចំណាយ​ទៅលើ​ចំណី​

​​- មាន​តម្លៃថោក​

​​- ងាយ​​រកបាន​ក្នុង​តំបន់​របស់​យើង​រស់នៅ​

​- មិន​មាន​ភាព​ស្មុក​ស្មាញ​ច្រើន​ចំពោះ​វិធី​ធ្វើ​

​​- សត្វ​អាច​លូតលាស់​ធំធាត់​ដូច​ផ្តល់​ចំណី​ផ្សំ​ដែរ

​​យើង​អាច​ប្រើប្រាស់​ដំឡូង​ទាំង​ពីរ​ប្រភេទ​បាន​គឺ ទាំង​ដំឡូងជ្វា និង​ដំឡូងឈើ (​យើង​អាច​ធ្វើ​ផ្អក​មើម និង​ស្លឹក តែ​ត្រូវធ្វើ​ផ្សេងៗ​គ្នា​) ។​

​​អ្វី​ដែល​យើង​ត្រូវការ​នោះ​គឺ មើម​ដំឡូងឈើ ឬ​មើម​ដំឡូងជ្វា និង​ស្ករ​កាក​អំពៅ (Molasses) ពាង​ដី ឬ​ធុង​ជ័រ សម្រាប់​ផ្អាប់ ។​

​​ដំបូង​យើង​យក​ពាង​មួយ​ស្អាត (​ពាង​ដី​ដាក់​ថង់ប្លាស្ទីក​ខាងក្នុង ពាង​ធម្មតា​បើ​គ្មាន​ពាង​ដី​) មក​លាង​ឲ្យ​ស្អាត ។ បក​ដំឡូងឈើ​យក​សំបក​ចេញ រួច​លាង​ទឹក​វាឲ្យ​ស្អាត​សារជាថ្មី ដាក់​ដំឡូង​ដែល​បាន​លាង​រួចហើយ​នេះ​ហាល​នៅលើ​កន្ទេល​ផុតពី​ដី ដើម្បី​សម្ងួត​ជាតិ​ទឹក​ខ្លះ​ចោល និង​ដើម្បី​បន្សាប​ជាតិពុល​នៅក្នុង​នោះ​ខ្លះ​ចោល​ចេញ ។​

​​ប្រើប្រាស់​ចានដែក​មួយ​ធំ​ល្មម​សម្រាប់​ដាក់​ស្ករ​កាក​អំពៅ (​មាន​លក់​នៅ​ខាងកើត​ផ្សា​ដេប៉ូ ជី​អ៊ី​អឹម​) ចូល ។ ដំឡូង​ចំនួន 10Kg ត្រូវការ​ស្ករ​កាក​អំពៅ 2Kg ។​

surger_cen

ប្រឡាក់​ស្ករ​កាក​អំពៅ​នេះ​ជាមួយ​ដំឡូងឲ្យស​ព្វ​ល្អ​រួច​ដាក់​វា​តម្រៀប​ចូលក្នុង​ពាង ឬ​ថង់ប្លាស្ទីក​រហូត​ដំឡូង ដែល​យើង​ត្រូវ​ប្រើ​ការ​បាន​ប្រឡាក់​អស់​ស្ករ​ដែល​សល់ (​បើ​មាន​ត្រូវ​កៀរ​ដាក់ចូល​ឲ្យអស់​) ចង​មាត់​ពាង​ឲ្យ​ជិត​បើ​ប្រើ​ថង់ប្លាស្ទីក​វិញ ត្រូវ​ចងវា​ឲ្យ​ជិត​ដែរ តែ​ត្រូវ​ច្របាច់​យក​ខ្យល់​ចេញ​ឲ្យអស់​សិន ។ រក្សា​វា​ទុក​នៅ​ទីកន្លែង​មួយ​ដែល​មិន​មាន​ពន្លឺ​ថ្ងៃ មាន​សីតុណ្ហភាព​ត្រជាក់​ល្មមប្រមាណ ២៥-៣០ អង្សា ។ យើង​ត្រូវ​រក្សា​វា​ទុក​បែប​នេះ​ចំនួន ២​សប្តាហ៍​យ៉ាង​ជិត​បំផុត​មុន​ដាក់​ឲ្យ​ជ្រូក​ស៊ី ការ​ផ្អាប់​នេះ​ត្រូវ​ធ្វើឲ្យ​បាន​យូរ​ទើប​ជា​ការល្អ ដើម្បី​ឲ្យ​វា​បង្កើន​ប្រូតេអ៊ីន​បាន​ច្រើន ។​

​​ចំពោះ​ស្លឹក​ដំឡូង​វិញ យើង​អាច​ធ្វើ​តាម​វិធី​ដូចគ្នា ប៉ុន្តែ​ស្ករ​កាក​អំពៅ​ត្រូវ​យក​មក​លាយ​ជាមួយ​ទឹកស្អាត ក្នុង​កំរិត​ទឹក ១​លីត្រ ដាក់​ស្ករ 1Kg (១=១) បាញ់​ស្រោច​លើ​ស្លឹក​ដំឡូងឲ្យស​ព្វ​ល្អ​បន្ទាប់ពី​បាញ់​ទឹក​ស្ករ​រួច ត្រូវ​ច្រប​ល់វា​ឲ្យ​សព្វ​ល្អ​ទើប​ច្រក​ដាក់​ក្នុង​ធុង ឬ​ពាង​ទុក​ប្រើការ យើង​ត្រូវ​ផ្អាប់​វា​ទុក​បែប​នេះ​ចំនួន ៤​សប្តាហ៍ មុន​ពេល​យកមក​ធ្វើ​ជា​ចំណី​ឲ្យ​មាន់ ទា ជ្រូក ស៊ី ។​

​​ប្រសិទ្ធិភាពរបស់​ផ្អក​ដំឡូង​នេះ​គឺ ប្រសើរ​ច្រើន​ជាង​វិធី​ដទៃ វា​ងាយស្រួល​រក និង​មាន​តម្លៃថោក ។ បើ​យើង​មិន​អាចរ​កស្ករ​កាក​អំពៅ​បានទេ យើង​អាច​ប្រើ​ទឹកត្នោត​ក៏បាន តែ​ត្រូវ​ដាំ​វាឲ្យ​ពុះ​សិន​មុន​យក​មក​ប្រើការ ៕

Copyright © 2013 , All Rights Reserved

Designed by Web Directory. Thanks to Free Wordpress Themes